អេ​បូ​ទ្បា​ផ្ទុះ​កក្រើក​នៅ​ទ្វីបអាហ្វ្រិក​តែ​គ្មាន​របាយការណ៍​កើត​មាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍


ជំងឺ​អេ​បូ​ទ្បា​បាន​ផ្ទុះ​ទ្បើ​ង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៧៦ នៅ​សាធារណរដ្ឋ​កុង​ហ្គោ និង​ស៊ូ​ដង់ ។ ចាប់ពី​ឆ្នាំ​១៩៧៦ ដល់​ខែធ្នូ ឆ្នាំ​២០១៣ ជំងឺ​នេះ​បាន​រាតត្បាត​២៣​ដង លើ​៧​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក ហើយ​ករណី​ដែល​កើត​មាននៅ​លើ​មនុស្ស​មាន​ចំនួន​២៣៨៨​នាក់ និង​ស្លាប់​១៥៩០​នាក់ ។ 

ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៤ ការ​ផ្ទុះ​ជំងឺ​អេ​បូ​ទ្បា ចាប់ផ្តើម​នៅ​ប្រទេស​ហ្គី​ណេ ឥ​ទ្បូ​វ​ជំងឺ​នេះ​រាលដាល​ដល់​ប្រទេស​លី​បេ​រី​យ៉ា នី​ហ្សេ​រី​យ៉ា និង​ប្រទេស​សៀ​រ៉ាទ្បេ​អូន និង​ថ្មី​ៗ​នេះ នៅ​ប្រទេស​ម៉ា​លី​ផង​ដែរ ។ 

វីរុស​អេ​បូ​ទ្បា​ស្ថិត​ក្នុង​គ្រួសារ​វីរុស​ហ្វី​ទ្បូ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺគ្រុនឈាម ។ វីរុស​នេះ​មាន​៥​ប្រភេទ​គឺ​៖
-Bundibugyo ebolavirus (BDBV)
-Zaire ebolavirus (EBOV)
-Reston ebolavirus (RESTV)
-Sudan ebolavirus (SUDV)
-Tai Forest ebolavirus (TAFV) 




ការ​ផ្ទុះ​ជំងឺ​អេ​បូ​ទ្បា​នៅ​ប្រទេស​អាហ្វ្រិក​ខាងលិច បង្ក​ទ្បើ​ង​ដោយ​វីរុស Zaire ebolavirus (EBOV) ។ គ្មាន​សញ្ញា​ជា​បន្ទាន់​ណា​ដែល​បញ្ជាក់​ថា អាច​គ្រប់គ្រង​អេ​បូ​ទ្បា​បាន​នៅ​ទ្បើ​យ​ទេ គឺ​នៅ​តែ​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​នៅ​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ ។ 

អង្គការ​សុខភាព​ពិភពលោក បាន​ឆ្លើយ​តប​នឹង​ជំងឺ​អេ​បូ​ទ្បា​ត្រឹម​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៤ ចំនួន​ករណី​អេ​បូ​ទ្បា​សរុប​១៥១៤៥​ករណី ស្លាប់​៥៤២០​នាក់ ហើយ​ប្រទេស​ដែល​មានការ​រាលដាល​និង​ការ​ចម្លង​ខ្លាំង​មាន​៖ 
-​ហ្គី​ណេ​៖ ១៩៧១​ករណី ស្លាប់​១១៩២​នាក់
-​លី​បេ​រី​យ៉ា​៖ ៧០៦៩​ករណី ស្លាប់​២៩៦៤​នាក់
-​ប្រទេស​សៀ​រ៉ា​ទ្បេ​អូន​៖ ៦០៧៣​ករណី ស្លាប់​១២៥០​នាក់ 
ប្រទេស​ដែល​មាន​ករណី​ចម្លង​តិច​៖
-​ម៉ា​លី (១​ករណី​)៖ ៦​ករណី ស្លាប់​៥​នាក់ 
-​សេ​ណេ​ហ្គា​ល់ ៈ ១​ករណី
-​នី​ហ្សេ​រី​យ៉ា ៈ ២០​ករណី
-​សហរដ្ឋអាមេរិក ៈ ៤​ករណី ស្លាប់​១ 
-​អេ​ស្ប៉ា​ញ ៈ ១​ករណី

មក​ដល់​បច្ចុប្បន្ន​គ្មាន​ករណី​អេ​បូ​ទ្បា នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ទេ ។ តំបន់​និង​ប្រទេស​ចំនួន​៨ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​រាយការណ៍​ថា មានការ​ស៊ើបអង្កេត​ពី​អ្នក​ធ្វើ​ដំណើរ ដែល​ឈឺ​(​អ្នកជំងឺ​)​មក​ពី​តំបន់​ដែល​រង​ផល​ប៉ះពាល់​ពី​អេ​បូ​ទ្បា​ដែរ តែ​ករណី​ទាំងអស់​ត្រូវ​បាន​ទាត់​ចោល​វិញ ព្រោះ​គ្មាន​ការ​ចម្លង​ដោយ​ជំងឺ​នេះ ៕