ខេត្ដព្រៃវែង ៖ លោកតាឈួន សំរស់ នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ“ក” ស្រុកពាមរក៍ ដែលតាមរយៈការចុះផ្សាយរបស់ សារព័ត៌មានកោះសន្ដិភាពស្ដីអំពីជីវិតរស់ នៅឯកោក្នុងវ័យចាស់ជរាអាយុ៧៧ឆ្នាំ ហើយមានជំងឺប្រចាំកាយនោះ បច្ចុប្បន្នកំពុង ទទួលបាននូវភាពកក់ក្ដៅឡើងវិញ នាជីវិតចុងក្រោយរបស់គាត់ បន្ទាប់ពីត្រូវបានសប្បុរសជនជាជនរួមជាតិបានជួយឧបត្ថម្ភដល់លោកតាជាបន្ដបន្ទាប់មានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលបានផ្ដល់ឱ្យលោកតាតាមរយៈ កោះសន្ដិភាព ។
លើកនេះជាលើកទី៥ហើយដែលលោកតាបានទទួលអំណោយពីសប្បុរសជននៅក្រៅប្រទេស គឺឧបាសិកាឈឹម ប៊ួយកានីកា ជាអាណិកជននៅប្រទេសស្វ៉ីសបានផ្ដល់ថវិកា៥០ដុល្លារ ដើម្បីឱ្យកោះសន្ដិភាពរៀបចំពិធី សង្ឃភត្ដដោយនិមន្ដព្រះសង្ឃ និងរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃដោយមានការអញ្ជើញចូលរួមពីសំណាក់លោកយាយ លោកតាជាអ្នកភូមិបានជួយជ្រោមជ្រែងក្នុងពិធី ដែលបានរៀបចំនៅព្រឹកថ្ងៃទី២០កក្កដា ។
ចំណែកថវិកាមួយចំនួនទៀតទិញទឹកដោះគោ២កំប៉ុង ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប តែ ស្ករ.ស ទៀន ធូប និងបច្ច័យសំរាប់បង្សុកូល និងថវិកាជូនលោកតាអាចារ្យ ស្របទៅតាម សទ្ធាជ្រះថ្លារបស់សប្បុរសជនជាម្ចាស់ដើមទានផង ដែលសប្បុរសជនទាំងនោះ សុទ្ធតែអ្នកមានគុណធម៌ អាណិតអាសូរជីវិតចុង ក្រោយដ៏កំសត់របស់លោកតាឈួន ។ លោកតាវ៉ាន់ ជាអាចារ្យបានឧទ្ទិសមគ្គ ផលជូនដល់បុព្វការីជនទាំងឡាយមានមាតាបិតាជាដើម របស់លោកអ្នកជាសប្បុរសជន សូមឱ្យលោកបានទទួលមហាកុសលផលបុណ្យដ៏បរិសុទ្ធនេះ កុំបីអាក់ខានឡើយ ៕