សម្តេច​ប៉ាប​ស្នើ​ដល់​ពិភព​អ៊ិ​ស្លា​ម​ឱ្យ​ថ្កោលទោស​ភេរវកម្ម

សម្តេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​ស្នើ​ដល់​គ្រប់​មេដឹកនាំ​សាសនា នយោបាយ ព្រមទាំង​បញ្ញវន្ត​ឱ្យ​ថ្កោលទោស​យ៉ាង​ច្បាស់ និង​ដោយ​គ្មាន​សំចៃ​ចំពោះ​ភេរវកម្ម​អ៊ិ​ស្លា​ម​និយម ។



ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លើ​យន្តហោះ ដែល​នាំ​ព្រះ​អង្គ​ពី​ទីក្រុង​អី​ុ​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​ទៅ​កាន់​ទីក្រុង​រ៉ូ​ម​វិញ ពេល​សួរ​ព្រះ​អង្គ​ពី​ភេរវកម្ម​របស់​បណ្តា​ក្រុម​ជី​ហា​ដ និង​អ៊ិ​ស្លា​ម​និយម​ជ្រុល​ដែល​រីក​រាលដាល សម្តេច​ប៉ាប​ថ្លែង​ថា ព្រះ​អង្គ​ទាមទារ​ឱ្យ​មានការ​ថ្កោលទោស​មិន​សំចៃ ពេល​ព្រះ​អង្គ​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ។ ព្រះ​អង្គ​បន្ត​ថា ខ្ញុំ​បាន​ជម្រាប​ដល់​ប្រធានាធិបតី​តួ​ក​គី​ថា វា​នឹង​ជា​រឿង​ល្អ​ដែល​មេដឹកនាំ​អ៊ិ​ស្លា​ម​ទាំងអស់​លើ​ពិភពលោក ព្រមទាំង​មេដឹកនាំ​នយោបាយ សាសនា និង​សាកលវិទ្យាល័យ​ប្រកាស​យ៉ាង​ច្បាស់ ហើយ​ថ្កោលទោស​អំពើ​ហិង្សា​នេះ​ដែល​បំផ្លាញ​សាសនា​អ៊ិ​ស្លា​ម ។



ព្រះ​អង្គ​ទ្រង់​ធ្វើការ​កត់​សម្គាល់ថា បែប​នោះ​នឹង​ជួយ​ដល់​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ភាគច្រើន ប្រសិនបើ​ការ​ថ្កោលទោស​ចេញពី​មាត់​របស់​មេដឹកនាំ​នយោបាយ សាសនា សាកលវិទ្យាល័យ​ទាំងនោះ ។ យើង​គ្រប់​គ្នា​ចង់បាន​ការ​ថ្កោលទោស​ជា​សាកល​មួយ​ចំពោះ​បាតុភូត​នេះ ។

សម្តេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ បាន​ថ្កោលទោស​ចំពោះ​ពួក​អ្នក​ដែល​និយាយ​ថា ជន​អ៊ិ​ស្លា​ម​ទាំងអស់​ជា​ភេរវ​ករ ក៏​ដូច​ជា​និយាយ​ថា អ្នក​កាន់សាសនា​គ្រិស្ត​ទាំងអស់​ជា​អ្នក​គោលការណ៍​និយម (FONDAMENTALISTES) ដែរ ។

សម្តេច​ប៉ាប​មាន​បន្ទូល​ទៀត​ថា ពិត​ណាស់​អំពើ​ភេរវកម្ម​កើត​មាន​មិន​ត្រឹមតែ​នៅ​អុ​ី​រ៉ា​ក់ ឬ​ស៊ី​រី​ទេ តែ​ក៏​នៅ​អាហ្វ្រិក​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ប្រតិកម្ម​នានា ។ បើ​អ្នក​ណា​និយាយ​ថា នោះ​ជា​ស្នាដៃ​អ៊ិ​ស្លា​ម ខ្ញុំ​ពិតជា​ខឹង​ហើយ ព្រោះ​ការ​និយាយ​បែប​នេះ​នាំ​ឱ្យ​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ជា​ច្រើន​រង​ការ​ប្រមាថ ។ យើង​ពុំ​មែន​ជា​មនុស្ស​ប្រភេទ​នេះ​ទេ ដោយ​គម្ពីរ​កូរ​អាន​ជា​ធម៌​សន្តិភាព ៕