សង្វៀន​អាស៊ីអាគ្នេយ៍ ធ្វើឲ្យ​អ្នក​ទស្សនា​មាន​ការ​ខកចិត្ត

ព្រឹត្តិការណ៍​ប្រកួត​របស់​សង្វៀន​អាស៊ីអាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ម្សិលមិញ វា​មិន​ត្រឹមតែ​បាន​បោកប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បាន​កុហក​ដល់​ទស្សនិកជន​ផង​ដែរ ព្រោះ​តាម​គម្រោង​សង្វៀន​មួយ​នេះ ត្រូវ​ប្រកួត​អន្តរជាតិ​គឺ​កម្មវិធី Top Fighter GANZBERG ដែល​ត្រូវ​យក​កីឡាករ​ថៃ​៣​នាក់​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ប៉ុន្តែ​ដល់​ពេល​ប្រកួត​ជាក់ស្តែង បែរ​ជា​ប្តូរ​កម្មវិធី​ប្រកួត​ទាំង​ស្រុង​ដោយ​ដាក់​សុទ្ធតែ​កីឡាករ​ក្នុង​ស្រុក​ទៅវិញ។



បន្ថែម​លើ​នេះ សម្រាប់​ការ​ប្រកួត​ដែល​យក​កីឡាករ​មក​ប្រកួត​បំពេញ​ជំនួស​កម្មវិធី​ទាំង​មូល​ភ្លាមៗ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ការ​សម្រេច​សេចក្តី​របស់​ចៅក្រម ហាក់​និយម​ពេញចិត្ត​ផ្តល់​ពិន្ទុ​ទៅលើ​កីឡាករ​របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ព្រោះ​ចៅក្រម​ភាគច្រើន​មាន​និន្នាការ​មកពី​កីឡា​កងយោធពល​ខេមរភូមិន្ទ​។

សម្រាប់​គូ ម៉ន ចាន់តារា មកពី​ក្លិប​ព្រែកឯង​ត្រូវ​បាន​ចៅក្រម​កាត់ក្តី​ឲ្យ​ចាញ់ រិទ្ធ អារុណ មកពី​ក្រសួង​ការពារ​ជាតិ បន្ទាប់ពី​ប្រកួត​បាន​៥​ទឹក​យ៉ាង​ស្វិតស្វាញ និង​ជក់ចិត្ត​។ រិទ្ធ អារុណ​ឈ្នះ​លើ ម៉ន ចាន់តារា វា​ហាក់បី​ដូចជា​មិន​សូវ​ទំនង​ខណៈ​ដែល​អ្នក​ទស្សនា​ភាគច្រើន​លាន់មាត់​ថា ខ្សែធំ និង​មាន​ចៅក្រម ដែល​មាន​និន្នាការ​មកពី​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ធ្វើ​ជា​ចៅក្រម និង​គណៈកម្មការ​ច្រើន​។

ស្ថានភាព​ប្រកួត​ជាក់ស្តែង ម៉ន ចាន់តារា មាន​ប្រៀប​ឈ្នះ​ទឹក​១ និង​ទឹក​ទី​២​ដាច់ ហើយ​នៅ​ទឹក​ទី​៣ មាន​ភាព​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​នៅ​ទឹក​ទី​៤ រិទ្ធ អារុណ មាន​ប្រៀប​ឈ្នះ​មែន ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្តាល ឡុង វ៉ាន់ថន ព្រមាន​កាត់​ពិន្ទុ​អស់​ដោយសារ អារុណ វាយ​ថែម​ល្មើស​ការ​ប្រកួត​។​លុះ​ចូល​ទឹក​ទី​៥ ម៉ន ចាន់តារា មាន​ប្រៀប​ស្នៀត​ទាត់ បន្ថែម​ទៀត​ខណៈ​ដែល​ការ​ប្រកួត​របស់​អារុណ មិន​គោរព​លក្ខខណ្ឌ​ដោយ​មាន​វាយ​ត្រូវ​ប្រដាប់​ការពារ​ពង​ញឹកញាប់ វាយ​បន្ថែម​ទៅលើ​ដៃគូ មិន​តិច​ជាង​៥​លើក​នោះ​ឡើយ ប៉ុន្តែ​ចុងបញ្ចប់​ចៅក្រម​បាន​ផ្តល់​ពិន្ទុ​ឲ្យ រិទ្ធ អារុណ ឈ្នះ​យ៉ាង​រំភើយ​ទៅវិញ​។

លោក ម៉ាង ម៉ន គ្រូបង្វឹក​ក្លិប​ព្រែកឯង បាន​ស្រែក​ចំអក​ដល់​គណៈកម្មការ​ផង​ដែរ ចំណែកឯ​លោក ញាណ សុធី ដែល​ជា​អ្នក​គ្រប់គ្រង បាន​ស្វាគមន៍​ការ​ប្រកួត​របស់ ចាន់ តារា ថា ប្រកួត​បាន​ល្អ និង​ទាក់ទាញ​បំផុត ហើយ​លោក​ប្រាប់​ថា ការ​ចាញ់​ឬ​ឈ្នះ គឺជា​សិទ្ធិ​របស់​គណៈកម្មការ​មាន​ចៅក្រម​ទាំង​៥​នោះ​ហើយ​។

មន្ត្រី​បច្ចេកទេស​ប្រចាំ​សង្វៀន​មិន​អាច​ទាក់ទង​សុំ​សម្ភាស​បាន​ទេ ហើយ​ពិន្ទុ​ដែល​ផ្តល់​ដោយ​ចៅក្រម​ទាំង​៥ ក៏​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​នោះ​ដែរ ប៉ុន្តែ​សម្រាប់ លោក ម៉ាង ម៉ន បាន​និយាយ​ថា​៖ «​បើ​យើង​មើល​នឹង​ភ្នែក​ផ្ទាល់​ទឹក​ទី​១ ទី​២ ទឹក​ទី​៥ យើង​ឈ្នះ ចំណែក​ទឹក​ទី​៤​ក៏​ឈ្នះ​ដែរ ព្រោះ​ការ​កាត់​ពិន្ទុ​គឺ​ត្រូវ​តែ​ឈ្នះ ប៉ុន្តែ​លទ្ធផល​គេ​ឲ្យ​ចាញ់​ទៅវិញ»​។

សង្វៀន​អាស៊ីអាគ្នេយ៍ មាន​អ្នក​ទស្សនា​ច្រើន និង​មាន​ចៅក្រម​ភាគច្រើន​ក្មេងៗ​មកពី​កីឡា​ក្នុង​កងទ័ព ហើយ​ការ​កាត់​សេចក្តី​ការ​ប្រកួត​កន្លងមក មាន​ភាព​សុក្រឹត ប៉ុន្តែ​ចំពោះ​មួយ​រយៈ​ចុងក្រោយ​នេះ ជាពិសេស​គូ រិទ្ធ អារុណ ឈ្នះ​លើ ម៉ន ចាន់តារា នេះ​គេ​មើល​ឃើញ​ពី​ភាព​លម្អៀង​ទៅ​រក រិទ្ធ អារុណ ខណៈ​ដែល​ការ​ប្រកួត​ល្មើស​ច្រើន​សា​រហូត​ដល់​កាត់​ពិន្ទុ​ទៅ​ហើយ តែ​នៅ​តែ​កាត់​សេចក្តី​ឲ្យ​ឈ្នះ​។

ចំពោះ​ការ​សម្រេច​ឲ្យ សៀវ ង៉ុយ (ឈិត ង៉ុយ) មកពី​ក្រសួង​ការពារ​ជាតិ ដែល​ឈ្នះ​កីឡាករ ចេង គា មកពី​ក្លិប​សាលវ័ន្ត​កីឡា ក៏​ទាំង​មិន​សូវ​ទំនង​ដូច​គ្នា ដែល​ធ្វើឲ្យ​អ្នក​ទស្សនា​ភាគច្រើន​បំផុត ហាក់បី​ដូច​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ទិដ្ឋភាព​បែប​នេះ​៕

No comments:

Post a Comment