ការគ្រប់គ្រងរបស់កីឡាករកូរ៉េខាងត្បូងក្នុងយុទ្ធនាការកំពុងបន្ត ITF Cambodian Futures ដែលផ្តល់រង្វាន់ជាទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក បានបន្តនៅក្នុងសប្តាហ៍ទី២ ខណៈដែលកីឡាករវ័យ១៦ឆ្នាំ Lee Duck Hee បានឈ្នះពាន GLF Cham Prasidh Open ក្រោយពីបានផ្តួលកីឡាករអ៊ីស្រាអែល Dekel Bar ៧-៦ និង៦-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើទីលាននៃមជ្ឈមណ្ឌលជាតិកីឡាវាយកូនបាល់កាលពីថ្ងៃសៅរ៍។
Lee បានទទួលជ័យជម្នះនេះ ក្រោយពីមិត្តរួមជាតិរបស់គេ Lim Yong Kyu បានឈ្នះពាន GLF Open កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ។
កីឡាករប្រកបដោយទេពកោសល្យ Lee ដែលបានកើតដោយមានបញ្ហាខ្សោយផ្នែកស្តាប់ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ហើយរូបគេបានលុបចោលនូវការចាញ់ប្រៀបរបស់គេទៅលើកម្លាំងដើម្បីកត់ត្រាជ័យជម្នះនេះយ៉ាងកក់ក្តៅតែម្តង។ Lee បានចាប់អារម្មណ៍ក្នុងការប្រកួតប្រភេទកីឡានេះ ក្រោយពីបានទស្សនាកីឡាករ Roger Federer នៅលើកញ្ចក់ទូរទស្សន៍នៅពេលដែលរូបគេមានអាយុត្រឹមតែ៧ឆ្នាំ។
រូបគេបានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍នៅពេលដែលកីឡាករ Rafael Nadal បានសរសេរទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងបណ្តាញសង្គម Twiter អំពីការទទួលបានពិន្ទុជាលើកទី១របស់កីឡាករដ៏ឆ្នើមសញ្ជាតិកូរ៉េខាងត្បូងរូបនេះកាលពីឆ្នាំ២០១៣។
ការទទួលជ័យជម្នះនៅលើទឹកដីរាជធានីភ្នំពេញនេះ គឺជាការឈ្នះពាន Futures ជាលើកទី២របស់ Lee ក្រោយពីការទទួលជ័យជម្នះរបស់គេក្នុងទីក្រុងហុងកុង។ រូបគេបាននិយាយតាមរយៈអ្នកបកប្រែម្នាក់ថា គេពិតជារីករាយណាស់ក្នុងការឈ្នះពាន។
លោកទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ជីវិត និងកីឡាវាយកូនបាល់របស់ Lee ពិតជាមានភាពអស្ចារ្យណាស់។ ខ្ញុំសូមអបអរសាទរចំពោះទាំង Lee និង Dekel Barសម្រាប់ការបង្កើតឲ្យមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបមួយ»។
ការប្រកួតលើវិញ្ញាសាជាគូវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសុក្រ កីឡាករសញ្ជាតិអាល្លឺម៉ង់ Robin Kern និងមិត្តរួមជាតិរបស់គេ Sebastian Wagner បានផ្តួលកីឡាករចិន Gao Xin និង Ouyang Bowen ក្នុងលទ្ធផល ៣-៦ និង៦-៣ (១០-៥)៕
No comments:
Post a Comment