អ្នកនាំពាក្យគណបក្សបានឲ្យដឹងថា គណបក្សប្រឆាំងមានគោលបំណងផ្តល់កម្មវិធីទូរទស្សន៍ប្រហាក់ប្រហែលនឹងកម្មវិធីដែលបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ស៊ីអិនអិន និង ប៊ីប៊ីស៊ី។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយដែលបានបញ្ចប់នៅថ្ងៃសុក្រ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ អា ណាឡូក (analogue) មួយទៅឲ្យគណបក្សសង្គ្រោះជាតិ ដែលផ្តល់លទ្ធភាពដើម្បីប្រកួតប្រជែងនឹងស្ថានីយទូរទស្សន៍ចងសម្ព័ន្ធនឹងរដ្ឋាភិបាល។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ពីម្សិលមិញ ពុំបានបង្ហាញថាតើ ពេលណាស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្តើមផ្សព្វផ្សាយទេ ឬថាតើបុគ្គលិកត្រូវបានជ្រើសរើសហើយឬនៅទេ?
ប៉ុន្តែ លោកបន្តថា គណបក្សសង្គ្រោះជាតិមានជំហររឹងមាំអំពីថា តើទិសដៅអ្វីដែលគណបក្សចង់បាននៅក្នុងកម្មវិធីទូរទស្សន៍របស់ខ្លួន។
លោកប្រាប់ថា៖ «យើងត្រូវរៀនសូត្រពីទូរទស្សន៍បរទេស ដូចជា ស៊ីអិនអិន ប៊ីប៊ីស៊ី និង Chanel News Asia។ ត្រូវគោរពក្រមសីលធម៌ ហើយបង្ហាញកម្មវិធីបែបវិជ្ជាជីវៈ។ ខ្ញុំសូមធានាថា ទូរទស្សន៍នេះ គឺពិតជាទូរទស្សន៍ឯករាជ្យ»។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ដោយសារតែគណបក្សប្រឆាំងប្តេជ្ញាចំពោះចំណុចនេះ គណបក្សនឹងមិនប្រើឥទិ្ធពលខ្លួនទៅលើកម្មវិធីឬក៏ផ្តល់ខ្លឹមសារការផ្សព្វផ្សាយទៅឲ្យក្រុមរៀបចំកម្មវិធីឯករាជ្យ ហើយមិនឲ្យគណបក្សសង្គ្រោះជាតិធ្វើការត្រួតពិនិត្យកាន់តែច្រើន ដូចគណបក្សប្រជាជនទេ។
លោក យឹម សុវណ្ណ បន្ថែមថា៖ «យើងចង់បានការជជែកជាសាធារណៈ»។ លោកបន្ថែមថា កាលវិភាគផ្សាយនឹងមានជាចម្បងនូវកម្មវិធីដែលផ្តោតលើសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ ការអប់រំ និងសុខាភិបាល។ កម្មវិធីជាច្រើន គឺជាកម្មវិធីផ្អែកលើព័ត៌មាន ប៉ុន្តែ ក៏មានការកម្សាន្តផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ របស់ក្រសួងព័ត៌មានថា ខ្លួនបានរឹបអូសប៉ុស្តិ៍អាណាឡូក សម្រាប់គណបក្សប្រឆាំងប្រើប្រាស់។ ក្រុមហ៊ុន ដែលមានសម្ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ គឺបណ្តាញផ្សព្វផ្សាយឯករាជ្យកម្ពុជានឹងទទួលបានអាជ្ញាប័ណ្ណផងដែរ ក៏ដូចជា អង់តែនវិទ្យុ ក្នុងទីក្រុង និងស្ថានីយផ្សាយបន្តនៅក្នុងខេត្ត។ ប៉ុន្តែ គណបក្សប្រឆាំងនៅតែអំពាវនាវដល់ពាណិជ្ជករផ្តល់មូលនិធិដល់ស្ថានីយទូរទស្សន៍នេះ។
លោកបន្ថែមថា៖ «យើងចង់បានអ្នកវិនិយោគឯកជន។ មានន័យថា ពួកគេត្រូវមានភក្តីភាពជាមួយនឹងគណបក្ស»។
នៅពេលសួរថាតើ គណបក្សប្រឆាំងនឹងទទួលការវិនិយោគពីឧកញ៉ាដែលពាក់ព័ន្ធនឹងគណបក្សប្រជាជនឬទេ? លោកឆ្លើយថា គណបក្សនឹងពិនិត្យលើក្រុមហ៊ុន។ អ្នកវិនិយោគអាចទិញភាគហ៊ុន ប៉ុន្តែ មិនអាចសម្រេចក្នុងការផ្សព្វផ្សាយទេ»៕
No comments:
Post a Comment