ជន​ជាតិ​ម៉ុង​តា​ញ៉ា បន្ត​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​កម្ពុជា

ជនជាតិ​ម៉ុងតាញ៉ា ផ្សេង​ទៀត បាន​និង​កំពុង​ឆ្លង​ដែន​គេច​ខ្លួន​ចូល​មក​កម្ពុជា ជា​បន្ត​ទៀត ហើយ​ពីរ​នាក់​ត្រូវ​គេ​អះអាង​ថា ត្រូវ​បាន​ឃាត់​ខ្លួន នៅ ខណៈ​ពេល​ដែល​ក្រុម​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ កំពុង​សុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​រដ្ឋាភិបាល​លើ​បញ្ហា​នេះ។

លោក សេវ ហ្វិញ ប្រធាន​សហគមន៍ ភូមិ​ឡំ ក្នុង ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​លោក ឆាយ ធី សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ជនជាតិ ម៉ុងតាញ៉ា ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច និង​សន្តិសុខ​ភូមិ​ធ្វើ​ការ​ឃាត់​ខ្លួន​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ប៉ុន្តែ​ព័ត៌មាន​ពី​ការ​ឃាត់​ខ្លួន​នេះ​ត្រូវ​បាន​នគរបាល​បដិសេធ​នៅ​ថ្ងៃ​ដដែល​នោះ។ លោក សេវ ហ្វិញ បញ្ជាក់​ថា៖ «ប៉ូលិស​ជាមួយ​នឹង​សន្តិសុខ​អ្នក​ចាប់ ហើយ​ទំនង​ជា​បញ្ជូន​ទៅ​វៀតណាម​ហើយ»។




ក្រៅ​ពី​នោះ លោក ឆាយ ធី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​របាយ​ការណ៍​ពី​អាជ្ញាធរ​វៀតណាម ផ្ញើ​ជូន​អាជ្ញាធរ ខេត្ត​រតនគិរី ដោយ​បញ្ជាក់​ថា មាន​ជនជាតិ​ម៉ុងតាញ៉ា សរុប​ចំនួន ១៦ នាក់​ហើយ​ដែល​បាន​ឆ្លង​ដែន​ពី ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ចូល​មក ខេត្ត​រតនគិរី ចាប់​តាំង​ពី​ចុង ខែ​តុលា កន្លង​មក។ ទោះ​យ៉ាង​ណា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​និង​បណ្តាញ​របស់​ខ្លួន ទើប​តែ​បាន​រក​ឃើញ​ជន​ជាតិ ម៉ុងតាញ៉ា ចំនួន​តែ ១៣ នាក់​ប៉ុណ្ណោះ។

លោក ឆាយ ធី បាន​ថ្លែ​ថា៖ «កន្លង​មក​យើង​ដឹង​និង​រក​ឃើញ​តែ ១៣​នាក់។ តែ ៣ នាក់​ទៀត​មិន​ដឹង​ទេ។ រឿង​ចាប់​ខ្លួន​វិញ​បើ​ចាប់​បាន​ហើយ​មាន​ការ​លាក់​បាំង នោះ​វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ហើយ​វា​រំលោភ​សន្ធិ​សញ្ញា​ស្តីពី​សិទ្ធិ​ជន​ភៀស​ខ្លួន​ផង»។ អាដហុក នឹង​បន្ត​អង្កេត​ករណី​នេះ​ទៀត។

ទោះ​បី​យ៉ាង​ណា លោក ងួន គឿន ស្នងការ​នគរបាល ខេត្ត​រតនគិរី បាន​ថ្លែង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។ ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​នេះ វា​មាន​ការ​ភាន់​ច្រឡំ​ទៅ​នឹង​ការ​ចាប់​ខ្លួន​ជន​ជាតិ វៀតណាម ចំនួន ៤ នាក់​កាល​ពី​ថ្ងៃ ទី២៥ ខែ​វិច្ឆិកា នៅ​ខណៈ​ពេល​ដែល​ពួក​គេ​ចូល​មក​កាប់​ឆ្ការ​ព្រៃ​នៅ​តាម​បន្ទាត់​ព្រំដែន ដើម្បី​ធ្វើ​ចម្ការ។

លោក​ស្នងការ​បន្ត​ថា នគរបាល​កម្ពុជា ក៏​បាន​ដោះ​លែង​ជនជាតិ​វៀតណាម ទាំង​បួន​នាក់​នោះ​វិញ​ដោយ​សារ​ពួក​គេ​ច្រឡំ​ចូល​កន្លែង​ដែល​មិន​ទាន់​មាន​បោះ​បង្គោល​ព្រំ​ដែន​ច្បាស់​លាស់។

ចំពោះ​ការ​ភៀស​ខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៣ នាក់​ផ្សេង​ទៀត លោក​ស្នងការ​បាន​ថ្លែង​ថា លោក​ទើប​តែ​បាន​ទទួល​ព័ត៌មាន​ថា មាន​ជនជាតិ​ម៉ុងតាញ៉ា ផ្សេង​ទៀត​បាន​ឆ្លង​ដែន​ចូល​មក​ក្នុង ខេត្ត​រតនគិរី។ ប៉ុន្តែ​មិន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នាក់ ហើយ​ចូល​តាម​ច្រក​ណា​នោះ​ទេ។ លោក​ស្នងការ​បញ្ជាក់​ថា៖ «រឿង​ជនជាតិ​ម៉ុងតាញ៉ា នោះ​អាច​មាន​មក​បន្ថែម តែ​មិន​ដឹង​ច្បាស់​ប៉ុន្មាន​នាក់​ទេ»។

មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា តំណាង​អង្គការ​សហ​ប្រជាជាតិ​បាន​និង​កំពុង​ស្នើ​សុំ​កិច្ច​សហ​ប្រតិបត្តិការ ពី​រដ្ឋាភិបាល​ហើយ ការ​ចុះ​ទៅ​ពិនិត្យ​ពលរដ្ឋ​នៅ ខេត្ត​រតនគិរី ដែល​គេ​អះអាង​ថា ជា​ជនជាតិ​ម៉ុងតាញ៉ា នោះ​អាច​ដឹង​នៅ​សប្តាហ៍​នេះ។

លោក ងួន គឿន បាន​ថ្លែង​ថា នគរបាល​នឹង​សហការ​ជាមួយ​នឹង​តំណាង​អង្គការ​សហ​ប្រជាជាតិ ក្នុង​ករណី​ដែល​ហេតុ​ផល​ច្បាស់​លាស់​មួយ​ត្រូវ​បាន​លើក​ឡើង៕

No comments:

Post a Comment