ជំរឿនកសិកម្មលើកដំបូងរបស់កម្ពុជាត្រូវបានធ្វើឡើង ដើម្បីទទួលបានព័ត៌មានដែលអាចទុកចិត្តបានអំពីវិស័យដ៏សំខាន់របស់កម្ពុជាមួយនេះ ។
ឯកឧត្ដម សន ស៊ីថន អនុរដ្ឋលេខាធិការក្រសួងផែនការបាននិយាយថា៖ «វាគឺជាជំរឿនកសិកម្មដំបូងគេ ។ ប្រការនេះនឹងផ្ដល់ទិន្នន័យគោលសម្រាប់វិស័យដ៏មានសារសំខាន់របស់សេដ្ឋកិច្ចរបស់កម្ពុជា» ។
ជំរឿននេះមានពីរដំណាក់កាល ដែលវគ្គទីមួយ មានរយៈពេល៤៥ថ្ងៃដោយចាប់ពីថ្ងៃទី១ ខែមេសាដល់ថ្ងៃទី៣១ ខែឧសភា និងវគ្គទីពីរ រយៈពេល២២ថ្ងៃ ចាប់ពីខែសីហាដល់ខែកញ្ញា ។
រដ្ឋាភិបាលដែលទទួលជំនួយឧបត្ថម្ភពីអង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) នឹងប្រមូលទិន្នន័យស្ដីពីសកម្មភាពកសិកម្មរបស់កម្ពុជា ។
លោកស្រី Botumroath Lebun អ្នកពិគ្រោះយោបល់ផ្នែកទំនាក់ទំនងនៅ FAO កម្ពុជាបាននិយាយថាកាលបរិច្ឆេទសម្រាប់ជុំទីពីរមិនទាន់បានធ្វើនៅឡើយទេ ។ លោកស្រីបានបន្តថា៖ «ដោយសារតែការបោះឆ្នោតក្នុងខែកក្កដាខាងមុខ ការធ្វើជំរឿនត្រូវបានផ្អាករហូតដល់បោះឆ្នោតរួច» ។
FAO (កម្ពុជា) ឲ្យដឹងថា នៅជុំទីមួយ តាមការប៉ាន់ប្រមាណមាន ២,៧លានគ្រួសារនឹងត្រូវបញ្ជាក់ពីសកម្មភាពធ្វើកសិកម្ម ។ ក្នុងជុំទីពីរ ៥ភាគរយនៃគ្រួសារសរុបនឹងត្រូវធ្វើសម្ភាសម្ដងទៀតពីសកម្មភាពធ្វើកសិកម្មមុនពេលអ្នកជំនាញពិនិត្យទិន្នន័យនេះនៅពេលបញ្ចប់ ។
ស្ថាប័នពាក់ព័ន្ធនឹងការជំរឿននេះមានវិទ្យាស្ថានជាតិស្ថិតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងផែនការ ។
ឯឧត្ដម សន ស៊ីថន បានឲ្យដឹងថា ចំនួនថវិកាសរុបដែលត្រូវចំណាយក្នុងការធ្វើជំរឿននេះ ត្រូវបានព្យាករថាមានប្រហែលជា ៥,៥លាន ។
រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់ប្រាក់១,៤លាន ខណៈម្ចាស់ជំនួយដទៃទៀតដូចជា USAID នឹងផ្ដល់ប្រហែល១,៥លានAuSAid នឹងផ្ដល់១លាន ហើយប្រទេសស៊ុយអែត ១,២លាន ជាមួយនឹងជំនួយបច្ចេកទេសជាសម្ភារ៤០ម៉ឺនដុល្លារពី FAO ។
ប្រធានបទជំរឿននេះរួមមាន តំបន់សរុបនៃផ្ទៃដីកសិកម្ម ទីកន្លែង ទំហំ ការប្រើប្រាស់ និងភាពជាម្ចាស់លើដីស្រែ ប្រភេទដំណាំដែលបានដាំ បច្ចេកទេសដាំដុះ ការប្រើប្រាស់ទឹក និងចរិតលក្ខណៈរបស់គ្រួសារ ។
FAO និយាយថា បច្ចុប្បន្នកម្ពុជាមិនមានក្របខ័ណ្ឌការងារសមស្របសម្រាប់ការអង្កេតផ្នែកកសិកម្មទេ ហើយក៏គ្មានស្ថិតិគួរឲ្យទុកចិត្តដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់គោលនយោបាយអភិវឌ្ឍន៍ដែរ ។
ឯកឧត្ដម សន ស៊ីថន និយាយថា៖ «ពិតហើយស្ថិតិគួរឲ្យទុកចិត្តបានគឺមានសារសំខាន់ណាស់សម្រាប់ការធ្វើរូបមន្តនៃគោលនយោបាយលើវិស័យនេះ ជាពិសេសលើវិស័យកសិកម្មដែលជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ។ ដូច្នេះខ្ញុំគិតថា យើងមានសំណាងដែលអនុវត្តការងារនេះ ហើយវានឹងត្រូវបានធ្វើយោងតាមច្បាប់ស្ថិតិដែលយើងមានរៀងរាល់១០ឆ្នាំ» ។
ឯកឧត្ដមបន្តថា គ្រប់ប្រទេសក្នុងពិភពលោកធ្វើជំរឿនកសិកម្ម ។ ប៉ុន្តែកាលពីអតីតកាលកម្ពុជាមិនមានប្រាក់គ្រប់គ្រាន់ទេ ។
លោក យ៉ង សាំងកុមារ ប្រធានសេដាក និយាយថា វានឹងមានការរីកចម្រើនក្នុងវិស័យនេះ ។ លោកបន្តថា៖ «វានឹងជួយយើងឲ្យមានទិន្នន័យច្បាស់លាស់នៅក្នុងវិស័យនេះ នូវអ្វីដែលជាសក្ដានុពលរបស់យើង ថាតើយើងមានផ្ទៃដី និងកម្លាំងការងារប៉ុន្មាន ។ ប្រការនេះនឹងជួយអ្នកវិនិយោគផងដែរឲ្យមានផែនការវិនិយោគច្បាស់លាស់ មុនពេលពួកគេសម្រេចចិត្តធ្វើការវិនិយោគទីនេះ» ។ លោកបន្តថា៖ «ទោះបីមកដល់ពេលនេះយើងមិនមានទិន្នន័យគ្រប់គ្រាន់ តែវិស័យនេះកំពុងតែរីកចម្រើនជាមួយការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង ។ ការជំរឿននេះគឺពិតជាមានសារសំខាន់សម្រាប់យើង ហើយវាដល់ពេលដើម្បីការពង្រីកសេដ្ឋកិច្ច» ។
No comments:
Post a Comment